Thursday, November 10, 2022

ថ្ងៃទី១ នៃកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ

     

បន្ទាប់ពីការឈប់សម្រាកបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក (Water Festival) អស់រយេះពេល៣ថ្ងៃ​កន្លងទៅថ្មីៗ កម្ពុជាក៏មានព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយទៀតគឺកិច្ចប្រជុំកំពូលអាស៊ាន ដែលឆ្នាំនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះ​ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះក៏មានប្រមុខ​រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន (ASEAN) បានអញ្ជើញ​ចូលរួម លើកលែងតែប្រទេសភូមាមិនបានចូលរួម (កំពុងមានវិបត្តិផ្ទៃក្នុង)។ ជាងនេះទៅទៀត​ លោកប្រធានាធិបតីអាមេរិកក៏មានវត្តមានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ​ផងដែរ។​ តាមការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាក៏បានអញ្ជើញប្រធានាធិបតីរុស្ស៊ីដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ក៏ប៉ុន្តែ​ខ្ញុំ​មិនទទួលបានព័ត៌មានជាផ្លូវការណាមួយដែលប្រកាសដោយរាជរដ្ឋាភិបាលថា​ លោកប្រធានាធិបតីរុស្ស៊ី​ ពូ ទីន មានវត្តមានក្នុងកិច្ចប្រជុំកំពូលនេះទេ។​ 

ជាទូទៅខ្ញុំតែងតែទៅលេងផ្ទះនៅខេត្តព្រះសីហនុ ដើម្បីសម្រាកលំហែរកាយ ហើយក៏ជាឱកាសដ៏ល្អបំផុតដែលឆ្នាំនេះបាន​ឈប់សម្រាករយ:ពេលយូរដោយសារតែប្រទេសកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ទើបក្រសួង​
អប់រំយុវជន​និងកីឡា បានប្រកាសអនុញ្ញាតឱ្យសិស្សានុសិស្សនៅរាជធានីភ្នំពេញឈប់សម្រាករយេ:ពេល៣ថ្ងៃបន្ថែម ក្នុងគោល​បំណងដើម្បីបញ្ចៀសការកកស្ទះចរាចរនៅរាជធានីភ្នំពេញនៅអំឡុងពេលដ៏សំខាន់សម្រាប់ប្រទេសជាតិនេះ។ 

ខ្ញុំហាក់ដូចជាមិនដឹងថាទៅណា ដំបូងក្នុងថ្ងៃដំបូងនៃពិធីបុណ្យអុំទូក ខ្ញុំក៏បានទៅផ្ទះនៅខេត្តព្រះសីហនុ ដើម្បីប្រមូលឯកសារ​មួយ​ចំនួនសម្រាប់ប្រើប្រាស់។​ ក្រោយពីរកឃើញឯកសារដែលត្រូវការជាចាំបាច់រួចមក ខ្ញុំក៏ជិះរថយន្តក្រុង (ក្រុមហ៊ុនសូរិយា) នៅវេលាម៉ោង៣:៣០នាទីរសៀល ដើម្បីធ្វើដំណើរពីខេត្តព្រះសីហនុ មករាជធានីភ្នំពេញវិញ។ រថយន្តក្រុងបានមកដល់ភ្នំពេញនៅវេលាម៉ោង៩:១៥នាទីយប់។ ព្រឹកឡើងខ្ញុំក៏ចាប់ផ្តើមប្រមូលឯកសារដែលសំខាន់ៗ ដើម្បីរៀបចំសម្រាប់ប្រើប្រាស់បន្ទាប់ពីថ្ងៃឈប់​សម្រាកនាកិច្ចប្រជុំកំពូលអាស៊ានបានបញ្ចប់។​

នៅព្រឹកថ្ងៃ​ព្រហស្បត្តិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ខ្ញុំបានទៅហាងកាហ្វេមួយក្នុងចំណោមហាងកាហ្វេដែលមានស្លាកយីយោ ប្រោន (Brown Cafe) ដើម្បីទទួលទានកាហ្វេគ្រាន់លំហែអារម្មណ៍អស់រយេះពេលជិត២ម៉ោង ដោយអង្គុយមើលព័ត៌មានជាតិ​និងអន្តរជាតិនៅលើទូរស័ព្ទសាំងសុងបត់ទី៣របស់ខ្ញុំ។​​ បន្ទាប់មកខ្ញុំក៏ត្រឡប់មកផ្ទះវិញដើម្បីគេងសម្រាកបន្ទាប់ពីទទួលទានអាហារ​ថ្ងៃត្រង់រួចមក។​ ចម្លែកណាស់នៅត្រង់ថាមួយរយេះនេះខ្ញុំហាក់ដូចជាគេងមិនបានស្ងប់ទាល់តែសោះ បើទោះបីជាខ្ញុំមាន​ពេលសម្រាកជាច្រើនថ្ងៃក៏ដោយ ប្រហែល​មកពីខ្ញុំជាមនុស្សចូលចិត្តគិតច្រើនតាំងពីនៅវ័យជំទង់ បានន័យថាខ្ញុំបានចាក​ចេញពីផ្ទះស្វែងរកការងារធ្វើតាំងពីខ្ញុំមានអាយុ១៦ឆ្នាំ (មិនទាន់គ្រប់អាយុធ្វើការ)​ តែដើម្បីមានការងាររដ្ឋធ្វើ ខ្ញុំក៏បានតម្លើងអាយុរហូតដល់១៨ឆ្នាំ (នៅឆ្នាំ១៩៨២) គឺចូលបម្រើការងារជាយុទ្ធជននគរបាលនៃស្នងការដ្ឋាននគរបាលក្រុងព្រះសីហនុ (ជំនាន់នោះគឺហៅថា មន្ទីរនគរបាលប្រជាជនក្រុងកំពង់សោម)។ ខ្ញុំនៅចាំថា នៅពេលប្រជុំប្រចាំខែ លោកប្រធាននគរបាលក្រុង​គឺសមមិត្ត ខាំ ហ្វាន់ រីឯអនុប្រធានមន្ទីរ២នាក់ទៀតគឺ សមមិត្ត ឯម ប៊ុនសាត និងសមមិត្ត ចាន់ ស៊ីផុន (ពេលនោះថ្នាក់ដឹកនាំមន្ទីរមានត្រឹមតែ៣នាក់តែប៉ុណ្ណោះ) តែងតែប្រកាស់ចំនួននគរបាលនៅក្នុងទីក្រុង គឺមានតែចំនួន១៨នាក់ តែប៉ុណ្ណោះ គឺមិនរាប់បញ្ចូលទៅនឹងបុគ្គលិកនគរបាលនៅ​តាមស្រុក-ខណ្ឌនៅឡើយ។