Wednesday, April 24, 2024

ការសម្តែងក្បាច់រួមគ្នា “ល្បុក្កតោ” និងក្បាច់គុ “កុងហ្វូ”​ នៅមុខប្រាសាទបាយ័ន

 ការសម្តែងក្បាច់គុន “​ល្បុក្កតោ” និងក្បាច់គុន “កុងហ្វូ”


មានការសម្តែងក្បាច់គុនរួមគ្នារវាងក្បាច់គុនខ្មែរ “ល្បុក្កតោ” និងក្បាច់គុនសៅលិញចិន “កុងហ្វូ” នៅលើកទឹកដីអង្គរកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ជាលើកដំបូងបង្អស់ហើយក៏ជាឱកាសល្អបំផុតដែលក្បាច់គុនខ្មែរ “ល្បុក្កតោ” អាចធ្វើការផ្សព្វផ្សាយទៅលើបណ្តាញសង្គម ទូទាំងពិភពលោក។


ការចង្រូងចម្រាសនៅលើបណ្តាញសង្គមមួយរយៈកន្លងមករវាងប្រទេសកម្ពុជា និងប្រទេសជិតខាង​ជាពិសេសគឺចាប់ពីកីឡាករ ធឿន ធារ៉ា​ បានប្រកួតប្រដាល់ឈ្នះកីឡាករលំដាប់Aរបស់ប្រទេសជិតខាងមានឈ្មោះ សៃ​ យុគ នៅក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវ៉ាត់របស់ព្រះមហាក្សត្រថៃ។ ចាប់តាំងពីការប្រកួតនោះមកអ្នកគាំទ្រក្បាច់គុន​ Mauy Thai​ និងក្បាច់គុនខ្មែរក៏ចាប់ផ្តើមនូវសង្រ្គាមពាក្យសម្តីនៅ លើបណ្តាញសង្គមកាន់តែក្តៅគគុករហូតទៅដល់មានការស្នើមិនឱ្យមានការយកកីឡាករពីខ្មែរទៅប្រកួតនៅប្រទេសថៃ ឬយកកីឡាករថៃមកប្រកួតនៅប្រទេសខ្មែរ។ នេះគ្រាន់តែជាសង្រ្គាមពាក្យសម្តីរវាងអ្នកគាំទ្រគុនខ្មែរ និងមួយថៃតែប៉ុណ្ណោះ ជាក់ស្តែងនៅលើសៃវៀនប្រកួតប្រដាល់របស់ប្រទេសទាំងពីរក៏នៅតែមានកីឡាករខ្មែរ-ថៃដដែល។

Sunday, March 31, 2024

MISS PRE TEEN JUNIOR IDOL WORLD​​ !

 ការប្រកួតបវរកញ្ញាវ័យក្មេង​នៅប្រទេសថៃ


កាលពីថ្ងៃទី៣១ ខែមីនា និងយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២
០២៤ នៅទីក្រុងបាងកក ប្រទេសថៃ ដែលជាថ្ងៃចុងក្រោយមានការប្រកួតជ្រើសរើសបវរកញ្ញាវ័យក្មេងឆ្នាំ២០២៤​ ក្នុងនោះមានបវរកញ្ញាវ័យក្មេងរបស់ខ្មែរចំនួន៣រូបរួមមាន៖
១. កញ្ញា​ ល្អ ហួស ពាក់ស្លាកលេខ​២៣ គ្រងសម្លៀកបំពាក់ "រាជនីហង្សាវតីស្រីកម្ពុជា"
២. កញ្ញា យិត អេលីស ពាក់ស្លាកលេខ២៧ គ្រងសម្លៀកបំពាក់ "រាជនីតាមសមុទ្រនៃដែនគោកធ្លោកចង្កៀងកែវ"
៣. កញ្ញា ជា អមរាសូហ្វី ពាក់ស្លាកលេខ៦៣ គ្រងសម្លៀកបំពាក់ "ស្តេចដំរីសសង្រ្គាម"។ 
ការប្រកួតនេះគឺមានបវរកញ្ញាវ័យក្មេងមកពីបណ្តាប្រទេសនានាមួយចំនួនទៀត។ 

ការប្រកួតបវរកញ្ញាវ័យក្មេងនោះត្រូវបានបែងចែកចេញជាបីផ្នែកគឺ៖ បវរកញ្ញាក្មេងជំទង់តូច (Little Miss Junior Idol World 2024), បវរកញ្ញាយុវវ័យ (Miss Teen Junior Idol World 2024), និង​បវរកញ្ញាមុនវ័យជំទង់ (Miss Pre-teen Junior Idol World 2024)

ការប្រកួតនេះប្រព្រឹត្តទៅយ៉ាងរលូន ក្នុងនោះដែរបវរកញ្ញា​ទាំង​បីផ្នែក​ ក្រៅពីការបង្ហាញការគ្រងឈុតសម្លៀកបំពាក់ជាតិ ក៏​ត្រូវបញ្ចេញសមត្ថភាពក្នុងការដើរបង្ហាញម៉ូដ ការឆ្លើយសំណួរជាភាសាអង់គ្លេសដើម្បីបង្ហាញអំពីសមត្ថភាពជំនាញទូទៅ​ដែលបវរកញ្ញាបានសិក្សារៀនសូត្រពីប្រទេសកំណើតរបស់​ខ្លួន និងសមត្ថភាពភាពប៉ិនប្រសព្វរបស់ខ្លួនតាំងពីកំណើត។

ជាលទ្ធផលបវរកញ្ញាខ្មែរទាំងបីដួងទទួលបានជ័យជំនៈយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិក្នុងនោះ៖ ១. កញ្ញា ល្អហួស ទទួលបានជ័យលាភី ម្កុដបវរកញ្ញា Miss Pre-teen Junior Idol World 2024។​ ២. កញ្ញា យិន អេលីស ទទួលបានជ័យលាភី The 2nd Runner Up Miss Teen 2024 និងកញ្ញា ជា អមរាសូហ្វី ទទួលបានជ័យលាភី The 2nd Runner Up Little Miss Teen 2024។

អ្វីដែលគួរជាមោទនភាពខ្លាំងនោះគឺ បវរកញ្ញា ល្អហួស ថែមទាំងចេះរាំរបាំអប្សារា​ជា​សិល្បះនៃដួងព្រលឹងជាតិយ៉ាងល្អឥតខ្ចោះមកបង្ហាញអំពីទេពកោសល្យរបស់ខ្លួន​នៅលើកឆាកអន្តរជាតិ ដែលមានបណ្តាប្រទេសនានាចូលរួមប្រកួត​ និងទស្សនា​លើ​ប្រព័ន្ធបណ្តាញសង្គមជាច្រើន។​​ ទន្ទឹមនឹងនេះកញ្ញាមានសមត្ថភាពឆ្លើយសំណួរ​ពីគណៈកម្មការជាភាសាអង់គ្លេសយ៉ាងស្ទាត់ ជំនាញនិងមានទំនុកចិត្តលើខ្លួនឯង។ ទន្ទឹម​នឹងនោះ កញ្ញាក៏បានរៀនភាសាប្រទេសមួយចំនួនទៀតផងដែរ។

ក្រៅពីការលេចធ្លោនៅចំពោះមុខមហាជនជាតិ និងអន្តរជាតិអំពីបវរកញ្ញា ល្អហួស ក៏ស្រាប់តែលេចចេញនូវវីដេអូខ្លីបមួយ​ខ្លីបានធ្វើឱ្យ​មហាជនកាន់តែភ្ញាក់ផ្អើលនោះគឺ កញ្ញា ជា អមរាសូហ្វី ដែលមានទឹកចិត្តបរិសុទ្ធចេះអាណិតស្រឡាញ់អ្នកនៅជុំវិញខ្លួននៅបានយកដៃទៅជូតទឹកភ្នែកបវរកញ្ញាវ័យក្មេងម្នាក់កំពុងមានភាពឯកោនិងស្រក់ទឹកភ្នែកនៅពេលនាងកំពុងតែឈរនៅលើ​ឆាកប្រកួតបែរជាគ្មាននណា​ម្នាក់​ជូនបាច់​ផ្កាដើម្បីលើកទឹកចិត្តនាង។ ដោយឃើញស្ថានភាពដ៏ក្តុកក្តួលនេះ​ កញ្ញា ជា អមរាសូហ្វី ដែលកំពុងតែគ្រងសម្លៀកបំពាក់តំណាងជាតិមានឈ្មោះ "ស្តេចដំរីសសង្រ្គាម" ក៏ដើរសំដៅទៅបវរកញ្ញាម្នាក់នោះនូវទឹកមុខស្រទន់ប្រកបដោយក្តីអាណិតអាសូ​រ​ ហើយក៏យកដៃរបស់នាងទៅជូតទឹកភ្នែកទាំងសង្ខាងដែលកំពុងតែហូរកាត់តាមវង់ភក្រ្តដ៏ក្រៀមក្រំរកថ្លែងពុំបាននោះ។ ពេលនោះទឹកភ្នែករលីងរលោងរបស់កញ្ញា ជា អមរាសូហ្វី ក៏បានហូរប្រឹមៗបង្កប់នូវក្តីមេត្តា ករុណាធម៌ ដែលមនុស្សទូទៅកម្រនឹងមានចិត្តដ៏ផូផង់ដូច្នេះណាស់។ នេះហើយសារជាតិពិតរបស់នារីខ្មែរ ហើយក៏ជាមោទនភាពដល់​អ្នកម្តាយ លោកឪពុក ដែលបានអប់រំកូនស្រីម្នាក់នេះដ៏ល្អ មានគុណធម៌ និងចរិយាសម្បត្តិល្អគួរឱ្យគោរពសរសើរ។


Saturday, March 30, 2024

តើក្រុមហ៊ុន Cambodia Partner CIC ជាក្រុមហ៊ុនបើកប្រាស់ឬ?

 ដំណើរបែកធ្លាយរបស់ក្រុមហ៊ុន CIC

នៅខែមេសា ឆ្នាំ២០២៤ នេះ​ មានរឿងរសើបលេចចេញជាច្រើនដែលមិននឹកស្មានដល់។ ថ្ងៃនេះខ្ញុំលើកយករឿងក្រុមហ៊ុន Cambodia Capital Partner CIC ដែលកំពុងតែផ្ទុះពេញប្រទេសត្រូវបានលើកយកមកធ្វើការ បង្ហាញដោយផេករបស់ក្មួយស្រី​ The Kanitha Show ដែលបានឆ្លើយតបទៅលោក​ Khem Sok Heng កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅ Episode 450 ព្រោះតែមានអ្នកវិនិយោគខ្លះបានបញ្ចាក់ថាក្រុមហ៊ុន CIC របស់លោក Khema Sok Heng គឺជាក្រុមហ៊ុនបោកប្រាស់ ជាពិសេសក្រុមហ៊ុនក្រុមហ៊ុននោះបានប្រកាសក្ស័យធុន។ ប៉ុន្តែការលើកឡើងនេះត្រូវបានលោក Khmer Sok Heng បានឆ្លើយ តបទៅវិញថា ក្រុមហ៊ុនដែលបានលើកខាងលើគឺមិនមែនជាក្រុមហ៊ុនរបស់លោកទេគឺជាក្រុមហ៊ុនរបស់សហគមន៍។

Episode 451 កញ្ញាកន្និដ្ឋាក៏បានបញ្ជាក់បន្ថែមថា សូម្បីតែលោក គួច ម៉េងលី ក៏ជាជនរងគ្រោះដែរ ដោយ គាត់ត្រូវចាញ់បោកគេអស់ប្រាក់ប្រមាណ៣០ម៉ីនដុល្លា ក្នុងនោះលោកក៏ស្នើសុំទៅអាជ្ញាធរចាត់វិធានការទៅលើ ក្រុមហ៊ុនបោកប្រាស់មួយនេះផង ទន្ទឹមនឹងនោះកញ្ញាកន្និដ្ឋាក៏បានបញ្ជាក់បន្ថែមទៀតថា ទឹកប្រាក់ទៅដល់៩០លានដុល្លាឯណោះ ដែលមានជងរងគ្រោះទៅដល់រាប់ពាន់នាក់ទៀតផង។

Episode 452 កញ្ញាកន្និដ្ឋាក៏បានឆ្លើយតបទៅឯកឧត្តម ជិន ម៉ាលីន ដែលជាអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ ដេលបានឆ្លើយតបទៅនិងសំណុំរឿង CIC ដោយបញ្ជាក់ថាករណីរឿងនេះគឺមិនមែនដូចករណីរឿងរបស់ ឡេង​ចាន់ណា ទេ។ ទោះបីជាយ៉ាងនេះក្តីក៏កញ្ញា កន្និដ្ឋា បានស្នើសុំទៅអ្នកនាំពាក្យធ្វើការអង្កេតសិនទើបអាចដឹងថា ក្រុមហ៊ុននោះជាក្រុមហ៊ុនបោកឬមិនបោក។

Episode 43 កញ្ញាកន្និដ្ឋាបានឆ្លើយតបទៅនិងលោក សោម សម្បត្តិ ហេតុអ្វីបានជាលោកមិនទទួលបាននូវ របាយការណ៍លម្អិតពីក្រុមហ៊ុន CIC ដែលលោក្នុងនាមជាប្រឹក្សាភិបាលម្នាក់ក្នុងនោះផងដែរព្រោះក្រុមហ៊ុននេះ បានធ្វើឱ្យបាត់លុយក្រុមហ៊ុនដល់ទៅ៧២លានដុល្លា។​ នាងបានបញ្ជាក់ទៀតថា រឿងនេះកាន់តែចម្លែកទៅៗ ដោយសារតែនិយ័តករ (Regulator) មូលប័ត្រកម្ពុជា ព្រោះអង្គភាពនេះមានភារកិច្ចការពារផលប្រយោជន៍ វិនិយោគិនដែលជាម្ចាស់លុយ តែហេតុអ្វីបានជាអង្គភាពនោះមិនបានធ្វើសាវនកម្មទៅលើក្រុមហ៊ុន CIC នៅពេល ដែលក្រុមហ៊ុននោះប្រកាសបរាជ័យហើយថែមទាំងឈប់បង់ការប្រាក់ដល់អ្នកវិនិយោគិនដែរ។

Friday, March 29, 2024

តើអង្គរសង្រ្កាន្ត ឆ្នាំ២០២៤ មានអ្វីប្លែក?

តើអង្គរសង្រ្កាន្ត ឆ្នាំ២០២៤ មានអ្វីប្លែកជាងឆ្នាំមុនៗដែរឬទេ?

ប៉ុន្មានថ្ងៃបានកន្លងទៅមានការលើកឡើងពីពិធីករទូរទស្សន៍ហង្សមាសអំពីអង្គរសង្រ្កាន្តនិងមិនមានប្រព្រឹត្តទៅដូច​ឆ្នាំ​មុនៗទេ នោះក៏ព្រោះតែពាក្យថាសង្រ្កាន្តត្រូវបានប្រទេសថៃបញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌរបស់គេ​រួច​ទៅ​ហើយ។ មានអ្នកលេងលើបណ្តាញសង្គមខ្លះមួយចំនួនទៀតក៏បញ្ចេញមតិផ្សេងទៀតថា ប្រសិនបើខ្មែរប្រើពាក្យសង្រ្កាន្ត ប្រទេសថៃនិងប្តឹងយើងព្រោះ​ពាក្យសង្រ្កាន្តត្រូវបានក្លាយជាកម្មសិទ្ធរបស់ថៃរួចទៅហើយ។​ ករណីផ្ទុះការវែកញែកពាក្យសង្រ្កាន្តនេះឡើង នៅពេលដែលលោក មាស រិទ្ធី បានលើកឡើងនៅលើកញ្ចក់ទូរទស្សន៍ ហង្ស មាស មិនបានប៉ុន្មានផង ស្រាប់តែផ្ទុះកំហឹង​ពីសំណាក់មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកបានបង្ហាញមតិ​និងអារម្មណ៍មិនពេញចិត្ត ព្រោះពាក្យសង្រ្កាន​មិនមែនជារបស់ថៃតែម្នាក់នោះទេ ម្យ៉ាងវិញទៀតមហាជនក៏បានបង្ហោះរូបសង្រ្កាន្តដែលបានឆ្លាក់លើ
ផ្ទាំង​សីលា​​​នៅ​លើបណ្តាប្រាង្គប្រាសាទនានាដើម្បីបញ្ជាក់ថា "ពាក្យសង្រ្គាន្ត" នេះគឺកើតមុនប្រទេសថៃបានកកើតទៅទៀតដូច្នេះហើយ​ពាក្យថា​ "សង្រ្កាន្ត" មិនគួរត្រូវបានបំបាត់ដោយគ្រាន់តែប្រទេសថៃបានដាក់បញ្ចូលទៅជាសម្បត្តិ​បេតិកភណ្ឌក្នុងប្រទេសថៃនោះទេ (Sangkran in Thailand)។

ដោយមានការផ្ទុះកំហឹងពីមហាជនដែលបានបញ្ចេញ មតិផ្សេងៗគ្នាអំពីពាក្យសង្រ្កាន្តនោះ​មក​​ ក៏លេចចេញនូវសេចក្តីថ្លែងការមួយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានបញ្ជាក់យ៉ាងច្បាប់ៗថា៖ សូម​ប្រជាជន​ខ្មែរ​កុំមានការភ័ន្តច្រឡំអំពីពាក្យសង្រ្កាន្តដែលថៃបានបញ្ចូលទៅជាបេតិកភណ្ឌជាតិរបស់គេ គឺត្រឹមតែប្រើ​ពាក្យ Sangkran in Thailand បានន័យថាគឺជាសង្រ្កាននៅក្នុងប្រទេសថៃ (មិនមែនជាសង្រ្កាន្តរបស់ថៃទេ) ការភ័ន្តច្រឡំនេះបណ្តាលឱ្យមានការទំនាស់រវាងជាតិសាសន៍ទាំងពីរទៅវិញ។​ រីឯខ្មែរក៏និងដាក់បញ្ជូនពាក្យ "សង្រ្កាន្ត" ទៅក្នុង​បេតិកភណ្ឌរបស់ខ្លួននាពេលខាងមុខដូចគ្នា ព្រោះពាក្យសង្រ្កាន្តត្រូវបានប្រើនៅតាមបណ្តាប្ររទេសនានា​មួយចំនួនដូចជាប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសភូមា​ និងប្រទេសឡាវ។  ក្រោយពីមានការគូសបញ្ជាក់យ៉ាងច្បាស់ៗ​របស់​​
សម្តេចធិបតី ហ៊ុន ម៉ាណែត រួចមក ក៏អារម្មណ៍របស់មហាជនខ្មែរបានស្ងប់ទៅវិញបន្ទាប់ពី​ពួក​គាត់បានយល់អំពីអត្ថន័យ Sangkran in Thailand រួចមក។

សរុបមកសេចក្តីមក "បុណ្យសង្រ្កាន្ត" និងត្រូវបានប្រារព្ធនៅតាមបណ្តាខេត្ត-ក្រុងទូទាំងប្រទេស ដោយឡែកនៅអង្គរវត្ត ឯកឧត្តមដែលជាខេត្ត​សាម៉ីខេត្ត និងរៀបចំដោយខ្លួនឯង​ គឺមិនដូចការរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដូចប៉ុន្មានឆ្នាំមុនៗនោះឡើយ។

Thursday, November 10, 2022

ថ្ងៃទី១ នៃកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ

     

បន្ទាប់ពីការឈប់សម្រាកបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក (Water Festival) អស់រយេះពេល៣ថ្ងៃ​កន្លងទៅថ្មីៗ កម្ពុជាក៏មានព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយទៀតគឺកិច្ចប្រជុំកំពូលអាស៊ាន ដែលឆ្នាំនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះ​ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះក៏មានប្រមុខ​រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន (ASEAN) បានអញ្ជើញ​ចូលរួម លើកលែងតែប្រទេសភូមាមិនបានចូលរួម (កំពុងមានវិបត្តិផ្ទៃក្នុង)។ ជាងនេះទៅទៀត​ លោកប្រធានាធិបតីអាមេរិកក៏មានវត្តមានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ​ផងដែរ។​ តាមការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាក៏បានអញ្ជើញប្រធានាធិបតីរុស្ស៊ីដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ក៏ប៉ុន្តែ​ខ្ញុំ​មិនទទួលបានព័ត៌មានជាផ្លូវការណាមួយដែលប្រកាសដោយរាជរដ្ឋាភិបាលថា​ លោកប្រធានាធិបតីរុស្ស៊ី​ ពូ ទីន មានវត្តមានក្នុងកិច្ចប្រជុំកំពូលនេះទេ។​ 

ជាទូទៅខ្ញុំតែងតែទៅលេងផ្ទះនៅខេត្តព្រះសីហនុ ដើម្បីសម្រាកលំហែរកាយ ហើយក៏ជាឱកាសដ៏ល្អបំផុតដែលឆ្នាំនេះបាន​ឈប់សម្រាករយ:ពេលយូរដោយសារតែប្រទេសកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ទើបក្រសួង​
អប់រំយុវជន​និងកីឡា បានប្រកាសអនុញ្ញាតឱ្យសិស្សានុសិស្សនៅរាជធានីភ្នំពេញឈប់សម្រាករយេ:ពេល៣ថ្ងៃបន្ថែម ក្នុងគោល​បំណងដើម្បីបញ្ចៀសការកកស្ទះចរាចរនៅរាជធានីភ្នំពេញនៅអំឡុងពេលដ៏សំខាន់សម្រាប់ប្រទេសជាតិនេះ។ 

ខ្ញុំហាក់ដូចជាមិនដឹងថាទៅណា ដំបូងក្នុងថ្ងៃដំបូងនៃពិធីបុណ្យអុំទូក ខ្ញុំក៏បានទៅផ្ទះនៅខេត្តព្រះសីហនុ ដើម្បីប្រមូលឯកសារ​មួយ​ចំនួនសម្រាប់ប្រើប្រាស់។​ ក្រោយពីរកឃើញឯកសារដែលត្រូវការជាចាំបាច់រួចមក ខ្ញុំក៏ជិះរថយន្តក្រុង (ក្រុមហ៊ុនសូរិយា) នៅវេលាម៉ោង៣:៣០នាទីរសៀល ដើម្បីធ្វើដំណើរពីខេត្តព្រះសីហនុ មករាជធានីភ្នំពេញវិញ។ រថយន្តក្រុងបានមកដល់ភ្នំពេញនៅវេលាម៉ោង៩:១៥នាទីយប់។ ព្រឹកឡើងខ្ញុំក៏ចាប់ផ្តើមប្រមូលឯកសារដែលសំខាន់ៗ ដើម្បីរៀបចំសម្រាប់ប្រើប្រាស់បន្ទាប់ពីថ្ងៃឈប់​សម្រាកនាកិច្ចប្រជុំកំពូលអាស៊ានបានបញ្ចប់។​

នៅព្រឹកថ្ងៃ​ព្រហស្បត្តិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ខ្ញុំបានទៅហាងកាហ្វេមួយក្នុងចំណោមហាងកាហ្វេដែលមានស្លាកយីយោ ប្រោន (Brown Cafe) ដើម្បីទទួលទានកាហ្វេគ្រាន់លំហែអារម្មណ៍អស់រយេះពេលជិត២ម៉ោង ដោយអង្គុយមើលព័ត៌មានជាតិ​និងអន្តរជាតិនៅលើទូរស័ព្ទសាំងសុងបត់ទី៣របស់ខ្ញុំ។​​ បន្ទាប់មកខ្ញុំក៏ត្រឡប់មកផ្ទះវិញដើម្បីគេងសម្រាកបន្ទាប់ពីទទួលទានអាហារ​ថ្ងៃត្រង់រួចមក។​ ចម្លែកណាស់នៅត្រង់ថាមួយរយេះនេះខ្ញុំហាក់ដូចជាគេងមិនបានស្ងប់ទាល់តែសោះ បើទោះបីជាខ្ញុំមាន​ពេលសម្រាកជាច្រើនថ្ងៃក៏ដោយ ប្រហែល​មកពីខ្ញុំជាមនុស្សចូលចិត្តគិតច្រើនតាំងពីនៅវ័យជំទង់ បានន័យថាខ្ញុំបានចាក​ចេញពីផ្ទះស្វែងរកការងារធ្វើតាំងពីខ្ញុំមានអាយុ១៦ឆ្នាំ (មិនទាន់គ្រប់អាយុធ្វើការ)​ តែដើម្បីមានការងាររដ្ឋធ្វើ ខ្ញុំក៏បានតម្លើងអាយុរហូតដល់១៨ឆ្នាំ (នៅឆ្នាំ១៩៨២) គឺចូលបម្រើការងារជាយុទ្ធជននគរបាលនៃស្នងការដ្ឋាននគរបាលក្រុងព្រះសីហនុ (ជំនាន់នោះគឺហៅថា មន្ទីរនគរបាលប្រជាជនក្រុងកំពង់សោម)។ ខ្ញុំនៅចាំថា នៅពេលប្រជុំប្រចាំខែ លោកប្រធាននគរបាលក្រុង​គឺសមមិត្ត ខាំ ហ្វាន់ រីឯអនុប្រធានមន្ទីរ២នាក់ទៀតគឺ សមមិត្ត ឯម ប៊ុនសាត និងសមមិត្ត ចាន់ ស៊ីផុន (ពេលនោះថ្នាក់ដឹកនាំមន្ទីរមានត្រឹមតែ៣នាក់តែប៉ុណ្ណោះ) តែងតែប្រកាស់ចំនួននគរបាលនៅក្នុងទីក្រុង គឺមានតែចំនួន១៨នាក់ តែប៉ុណ្ណោះ គឺមិនរាប់បញ្ចូលទៅនឹងបុគ្គលិកនគរបាលនៅ​តាមស្រុក-ខណ្ឌនៅឡើយ។

Thursday, December 9, 2021

វិបត្តិកូវីដ១៩ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ (នៅតែបន្ត)

តើជម្ងឺកូវីដ១៩កើតឡើងដោយសារអ្វី?

អស់រយៈពេលជិត៣ឆ្នាំកន្លងមកហើយ ដែលចម្ងល់នេះនៅតែបង្កប់នៅក្នុងភាពមន្ទិលសង្ស័យ​ ដោយគ្មានប្រភពណាបកស្រាយជាក់លាក់អំពីប្រភពជម្ងឺដ៏កាចសាហាវនេះនោះឡើយ។ បណ្តាប្រទេសមហាយក្សតែងតែចោទប្រកាន់គ្នាទៅវិញទៅមក សូម្បីតែអង្គការសុខភាពពិភពលោក WHO ដែលជាអង្គការសាម៉ីក៏មិនទាន់ប្រកាសចេញនូវព៍ត៌មានជាក់លាក់អំពីជម្ងឺកូវីដ១៩ផងដែរ។

Monday, December 31, 2018

ទស្សនៈអំពីវិមានឈ្នះឈ្នះ!!!

វិមានឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាកម្ពុជា ត្រូវបានដាក់ សម្ពោធឡើងនៅថ្ងៃសៅរ៍ ទី២៩ ខែ ធ្នូ ឆ្នាំ២០១៨ ក្នុងគោលបំណងរំលឹក
ឡើងវិញនូវការតស៊ូដ៏ស្វិតស្វាញទាំង ផ្នែកយោធា និង​ផ្នែកនយោបាយ​តាមរយៈគោលនយោបាយឈ្នះៗ​ដែលធ្វើអោយមេដឹកនាំខ្មែរក្រហម និងកម្លាំងទ័ពខ្មែរក្រហមទាំងមូល បានសុខចិត្តចុះចូលរួមនឹងរាជ​រដ្ឋាភិបាលនៅខែ ធ្នូ ឆ្នាំ១៩៩៨ បាននាំយកនូវសន្តិសុខទូទាំងប្រទេសជូនប្រជាជនកម្ពុជាសព្វថ្ងៃនេះ។

ទោះបីមានទស្សនៈផ្សេងៗ  មានការរិះគន់ និងវាយប្រហារ ការសម្ពោធ វិមានឈ្នះឈ្នះនេះ​ក៏ ដោយក៏ប៉ុន្តែខ្ញុំអាចចងចាំយ៉ាង ច្បាស់ អំពីដំណើរជីវិតរបស់ ខ្ញុំចាប់ តាំងពីកុមារភាពរហូតដល់​គោល​នយោបានឈ្នះឈ្នះ នេះបានលេច ចេញជារូបរាង និងនាំយកមក នូវសន្តិសុខជូនប្រជាជនកម្ពុជា និងសម្រាប់រូបខ្ញុំបាទផងដែរ។

ប្រជាជនកម្ពុជាបានរងទុក្ខ លំបាក ជាច្រើនទស្សវត្សរ៍មកហើយ គឺ​ស្គាល់ តែសង្រ្គាម និងការព្រាត់ ប្រាស់ គ្រួសារ។ ប្រជាជននាសម័យនោះបាត់ឱកាសរៀនសូត្រ​ដោយសារតែគេចគ្រាប់ផ្លោង សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង ត្រូវបានបំផ្លិចបំផ្លាញដោយសារ​សង្រ្គាមស៊ីវិល បង្ហូរតែឈាមខ្មែរគ្នាឯង មិន ខុសអ្វីពីស្ថានភាពដ៏ដុនដាបនៅប្រទេសស៊ីរីនាពេល​បច្ចុប្បន្នឡើយ។

អ្វីដែលយើងទាំងអស់គ្នាត្រូវគិតបន្ត នោះ មិនមែនការហែកហួរគ្នា មិនមែនការផ្តួលរំលំរដ្ឋាភិបាល តែត្រូវចូលរួមរិះរកមធ្យោបាយ ធ្វើយ៉ាងណា ក៏សាងប្រទេសយើង អោយកាន់តែមានភាពរីកចម្រើន ប្រជាជនគួរតែសហការជា មួយរាជ រដ្ឋាភិបាល គាំទ្រនូវគោល នយោបាយកាត់បន្ថយភាពក្រីក្រ ធ្វើយ៉ាងណា​កុំអោយមានគម្លាត រវាងអ្នកក្រ និងអ្នកមានខ្លាំងពេក រួចចាប់ដៃគ្នាទៅប្រកួតប្រជែងជាមួយ​បណ្តាប្រទេសជិតខាងផ្នែកសេដ្ឋកិច្ច។

ទស្សនៈរបស់ខ្ញុំយល់ឃើញថា ប្រសិនបើប្រទេសយើងគ្មានសន្តិសុខភាពទេនោះ យើងពិតជាគ្មាន ឱកាសដើម្បីអភិវឌ្ឍ  សេដ្ឋកិច្ច​គ្រួសារ និងសេដ្ឋកិច្ចជាតិយើងបានឡើយ។ បច្ចុប្បន្ននេះ ប្រទេស​យើង​បានក្លាយជាប្រទេសមានសិទ្ធស្មើនិងប្រទេសនានាថ្វីបើប្រទេសយើងជាប្រទេសតូច ក៏ប៉ុន្តែយើង មាន​ឯករាជភាពពេញលេញ ឈរត្រង់ ដើរត្រង់ ដូចបណ្តាប្រទេសដ៏ទៃដែរ សូមរក្សាសន្តិភាពនេះ អោយ​បាន​គង់វង្សសម្រាប់កូនចៅយើងជំនាន់ក្រោយបានស្គាល់តែភាពរុងរឿង។​