Sunday, March 31, 2024

MISS PRE TEEN JUNIOR IDOL WORLD​​ !

 ការប្រកួតបវរកញ្ញាវ័យក្មេង​នៅប្រទេសថៃ


កាលពីថ្ងៃទី៣១ ខែមីនា និងយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២
០២៤ នៅទីក្រុងបាងកក ប្រទេសថៃ ដែលជាថ្ងៃចុងក្រោយមានការប្រកួតជ្រើសរើសបវរកញ្ញាវ័យក្មេងឆ្នាំ២០២៤​ ក្នុងនោះមានបវរកញ្ញាវ័យក្មេងរបស់ខ្មែរចំនួន៣រូបរួមមាន៖
១. កញ្ញា​ ល្អ ហួស ពាក់ស្លាកលេខ​២៣ គ្រងសម្លៀកបំពាក់ "រាជនីហង្សាវតីស្រីកម្ពុជា"
២. កញ្ញា យិត អេលីស ពាក់ស្លាកលេខ២៧ គ្រងសម្លៀកបំពាក់ "រាជនីតាមសមុទ្រនៃដែនគោកធ្លោកចង្កៀងកែវ"
៣. កញ្ញា ជា អមរាសូហ្វី ពាក់ស្លាកលេខ៦៣ គ្រងសម្លៀកបំពាក់ "ស្តេចដំរីសសង្រ្គាម"។ 
ការប្រកួតនេះគឺមានបវរកញ្ញាវ័យក្មេងមកពីបណ្តាប្រទេសនានាមួយចំនួនទៀត។ 

ការប្រកួតបវរកញ្ញាវ័យក្មេងនោះត្រូវបានបែងចែកចេញជាបីផ្នែកគឺ៖ បវរកញ្ញាក្មេងជំទង់តូច (Little Miss Junior Idol World 2024), បវរកញ្ញាយុវវ័យ (Miss Teen Junior Idol World 2024), និង​បវរកញ្ញាមុនវ័យជំទង់ (Miss Pre-teen Junior Idol World 2024)

ការប្រកួតនេះប្រព្រឹត្តទៅយ៉ាងរលូន ក្នុងនោះដែរបវរកញ្ញា​ទាំង​បីផ្នែក​ ក្រៅពីការបង្ហាញការគ្រងឈុតសម្លៀកបំពាក់ជាតិ ក៏​ត្រូវបញ្ចេញសមត្ថភាពក្នុងការដើរបង្ហាញម៉ូដ ការឆ្លើយសំណួរជាភាសាអង់គ្លេសដើម្បីបង្ហាញអំពីសមត្ថភាពជំនាញទូទៅ​ដែលបវរកញ្ញាបានសិក្សារៀនសូត្រពីប្រទេសកំណើតរបស់​ខ្លួន និងសមត្ថភាពភាពប៉ិនប្រសព្វរបស់ខ្លួនតាំងពីកំណើត។

ជាលទ្ធផលបវរកញ្ញាខ្មែរទាំងបីដួងទទួលបានជ័យជំនៈយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិក្នុងនោះ៖ ១. កញ្ញា ល្អហួស ទទួលបានជ័យលាភី ម្កុដបវរកញ្ញា Miss Pre-teen Junior Idol World 2024។​ ២. កញ្ញា យិន អេលីស ទទួលបានជ័យលាភី The 2nd Runner Up Miss Teen 2024 និងកញ្ញា ជា អមរាសូហ្វី ទទួលបានជ័យលាភី The 2nd Runner Up Little Miss Teen 2024។

អ្វីដែលគួរជាមោទនភាពខ្លាំងនោះគឺ បវរកញ្ញា ល្អហួស ថែមទាំងចេះរាំរបាំអប្សារា​ជា​សិល្បះនៃដួងព្រលឹងជាតិយ៉ាងល្អឥតខ្ចោះមកបង្ហាញអំពីទេពកោសល្យរបស់ខ្លួន​នៅលើកឆាកអន្តរជាតិ ដែលមានបណ្តាប្រទេសនានាចូលរួមប្រកួត​ និងទស្សនា​លើ​ប្រព័ន្ធបណ្តាញសង្គមជាច្រើន។​​ ទន្ទឹមនឹងនេះកញ្ញាមានសមត្ថភាពឆ្លើយសំណួរ​ពីគណៈកម្មការជាភាសាអង់គ្លេសយ៉ាងស្ទាត់ ជំនាញនិងមានទំនុកចិត្តលើខ្លួនឯង។ ទន្ទឹម​នឹងនោះ កញ្ញាក៏បានរៀនភាសាប្រទេសមួយចំនួនទៀតផងដែរ។

ក្រៅពីការលេចធ្លោនៅចំពោះមុខមហាជនជាតិ និងអន្តរជាតិអំពីបវរកញ្ញា ល្អហួស ក៏ស្រាប់តែលេចចេញនូវវីដេអូខ្លីបមួយ​ខ្លីបានធ្វើឱ្យ​មហាជនកាន់តែភ្ញាក់ផ្អើលនោះគឺ កញ្ញា ជា អមរាសូហ្វី ដែលមានទឹកចិត្តបរិសុទ្ធចេះអាណិតស្រឡាញ់អ្នកនៅជុំវិញខ្លួននៅបានយកដៃទៅជូតទឹកភ្នែកបវរកញ្ញាវ័យក្មេងម្នាក់កំពុងមានភាពឯកោនិងស្រក់ទឹកភ្នែកនៅពេលនាងកំពុងតែឈរនៅលើ​ឆាកប្រកួតបែរជាគ្មាននណា​ម្នាក់​ជូនបាច់​ផ្កាដើម្បីលើកទឹកចិត្តនាង។ ដោយឃើញស្ថានភាពដ៏ក្តុកក្តួលនេះ​ កញ្ញា ជា អមរាសូហ្វី ដែលកំពុងតែគ្រងសម្លៀកបំពាក់តំណាងជាតិមានឈ្មោះ "ស្តេចដំរីសសង្រ្គាម" ក៏ដើរសំដៅទៅបវរកញ្ញាម្នាក់នោះនូវទឹកមុខស្រទន់ប្រកបដោយក្តីអាណិតអាសូ​រ​ ហើយក៏យកដៃរបស់នាងទៅជូតទឹកភ្នែកទាំងសង្ខាងដែលកំពុងតែហូរកាត់តាមវង់ភក្រ្តដ៏ក្រៀមក្រំរកថ្លែងពុំបាននោះ។ ពេលនោះទឹកភ្នែករលីងរលោងរបស់កញ្ញា ជា អមរាសូហ្វី ក៏បានហូរប្រឹមៗបង្កប់នូវក្តីមេត្តា ករុណាធម៌ ដែលមនុស្សទូទៅកម្រនឹងមានចិត្តដ៏ផូផង់ដូច្នេះណាស់។ នេះហើយសារជាតិពិតរបស់នារីខ្មែរ ហើយក៏ជាមោទនភាពដល់​អ្នកម្តាយ លោកឪពុក ដែលបានអប់រំកូនស្រីម្នាក់នេះដ៏ល្អ មានគុណធម៌ និងចរិយាសម្បត្តិល្អគួរឱ្យគោរពសរសើរ។


No comments:

Post a Comment