ការប្រកួតបវរកញ្ញាវ័យក្មេងនៅប្រទេសថៃ
ការប្រកួតបវរកញ្ញាវ័យក្មេងនោះត្រូវបានបែងចែកចេញជាបីផ្នែកគឺ៖ បវរកញ្ញាក្មេងជំទង់តូច (Little Miss Junior Idol World 2024), បវរកញ្ញាយុវវ័យ (Miss Teen Junior Idol World 2024), និងបវរកញ្ញាមុនវ័យជំទង់ (Miss Pre-teen Junior Idol World 2024)។
ការប្រកួតនេះប្រព្រឹត្តទៅយ៉ាងរលូន ក្នុងនោះដែរបវរកញ្ញាទាំងបីផ្នែក ក្រៅពីការបង្ហាញការគ្រងឈុតសម្លៀកបំពាក់ជាតិ ក៏ត្រូវបញ្ចេញសមត្ថភាពក្នុងការដើរបង្ហាញម៉ូដ ការឆ្លើយសំណួរជាភាសាអង់គ្លេសដើម្បីបង្ហាញអំពីសមត្ថភាពជំនាញទូទៅដែលបវរកញ្ញាបានសិក្សារៀនសូត្រពីប្រទេសកំណើតរបស់ខ្លួន និងសមត្ថភាពភាពប៉ិនប្រសព្វរបស់ខ្លួនតាំងពីកំណើត។
ជាលទ្ធផលបវរកញ្ញាខ្មែរទាំងបីដួងទទួលបានជ័យជំនៈយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិក្នុងនោះ៖ ១. កញ្ញា ល្អហួស ទទួលបានជ័យលាភី ម្កុដបវរកញ្ញា Miss Pre-teen Junior Idol World 2024។ ២. កញ្ញា យិន អេលីស ទទួលបានជ័យលាភី The 2nd Runner Up Miss Teen 2024 និងកញ្ញា ជា អមរាសូហ្វី ទទួលបានជ័យលាភី The 2nd Runner Up Little Miss Teen 2024។
អ្វីដែលគួរជាមោទនភាពខ្លាំងនោះគឺ បវរកញ្ញា ល្អហួស ថែមទាំងចេះរាំរបាំអប្សារាជាសិល្បះនៃដួងព្រលឹងជាតិយ៉ាងល្អឥតខ្ចោះមកបង្ហាញអំពីទេពកោសល្យរបស់ខ្លួននៅលើកឆាកអន្តរជាតិ ដែលមានបណ្តាប្រទេសនានាចូលរួមប្រកួត និងទស្សនាលើប្រព័ន្ធបណ្តាញសង្គមជាច្រើន។ ទន្ទឹមនឹងនេះកញ្ញាមានសមត្ថភាពឆ្លើយសំណួរពីគណៈកម្មការជាភាសាអង់គ្លេសយ៉ាងស្ទាត់ ជំនាញនិងមានទំនុកចិត្តលើខ្លួនឯង។ ទន្ទឹមនឹងនោះ កញ្ញាក៏បានរៀនភាសាប្រទេសមួយចំនួនទៀតផងដែរ។
ក្រៅពីការលេចធ្លោនៅចំពោះមុខមហាជនជាតិ និងអន្តរជាតិអំពីបវរកញ្ញា ល្អហួស ក៏ស្រាប់តែលេចចេញនូវវីដេអូខ្លីបមួយខ្លីបានធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើលនោះគឺ កញ្ញា ជា អមរាសូហ្វី ដែលមានទឹកចិត្តបរិសុទ្ធចេះអាណិតស្រឡាញ់អ្នកនៅជុំវិញខ្លួននៅបានយកដៃទៅជូតទឹកភ្នែកបវរកញ្ញាវ័យក្មេងម្នាក់កំពុងមានភាពឯកោនិងស្រក់ទឹកភ្នែកនៅពេលនាងកំពុងតែឈរនៅលើឆាកប្រកួតបែរជាគ្មាននណាម្នាក់ជូនបាច់ផ្កាដើម្បីលើកទឹកចិត្តនាង។ ដោយឃើញស្ថានភាពដ៏ក្តុកក្តួលនេះ កញ្ញា ជា អមរាសូហ្វី ដែលកំពុងតែគ្រងសម្លៀកបំពាក់តំណាងជាតិមានឈ្មោះ "ស្តេចដំរីសសង្រ្គាម" ក៏ដើរសំដៅទៅបវរកញ្ញាម្នាក់នោះនូវទឹកមុខស្រទន់ប្រកបដោយក្តីអាណិតអាសូរ ហើយក៏យកដៃរបស់នាងទៅជូតទឹកភ្នែកទាំងសង្ខាងដែលកំពុងតែហូរកាត់តាមវង់ភក្រ្តដ៏ក្រៀមក្រំរកថ្លែងពុំបាននោះ។ ពេលនោះទឹកភ្នែករលីងរលោងរបស់កញ្ញា ជា អមរាសូហ្វី ក៏បានហូរប្រឹមៗបង្កប់នូវក្តីមេត្តា ករុណាធម៌ ដែលមនុស្សទូទៅកម្រនឹងមានចិត្តដ៏ផូផង់ដូច្នេះណាស់។ នេះហើយសារជាតិពិតរបស់នារីខ្មែរ ហើយក៏ជាមោទនភាពដល់អ្នកម្តាយ លោកឪពុក ដែលបានអប់រំកូនស្រីម្នាក់នេះដ៏ល្អ មានគុណធម៌ និងចរិយាសម្បត្តិល្អគួរឱ្យគោរពសរសើរ។